លោក ម៉ង់ សូហាន ជាចៅក្រមនៃតុលាការនៃសាលាដំបូងខេត្តស្ទឹងត្រែង។ លោកទទួលចំណាត់ការទាំងសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ព្រមទាំងសំណុំរឿងស៊ើបសួរផងដែរ។ លោកក៏ជាគ្រូបង្រៀនផ្នែកនីតិព្រហ្មទណ្ឌ និង នីតិរដ្ឋប្បវេណី ជាភាសាអង់គ្លេសនៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ELBBL) សាកលវិទ្យាល័យជាតិគ្រប់គ្រង (iLLB) និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអ្នកស្រាវជ្រាវផ្នែកច្បាប់ផងដែរ។

លោក ម៉ង់ សូហាន បញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០១១ ថ្នាក់ស្រាជ្រាវផ្នែកសន្តិសុខមនុស្សជាតិនៅអាស៊ី នៅសាកលវិទ្យាល័យអូសាកា ប្រទេសជប៉ុន ក្នុងឆ្នាំ២០១៤ ថ្នាក់អនុបណ្ឌិតនីតិសិទ្ធិមនុស្សអន្តរជាតិពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង បច្ចុប្បន្ន ជាបេក្ខជនបណ្ឌិតផ្នែកនីតិព្រហ្មទណ្ឌ នៅសាកលវិទ្យាល័យ​កូរ៉្យ នៃរដ្ឋធានីសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។

លោកម៉ង់ សូហាន ជាអតីតមន្ត្រីការទូតជាន់ខ្ពស់នៃអគ្គនាយកដ្ឋានច្បាប់ និងកុងស៊ុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអតីត​សមាជិកក្រុមការងារថ្នាក់ជាតិប្រឆាំងទៅនឹងបទល្មើសសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោកធ្លាប់បានធ្វើការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈក្នុងឋានៈជាចៅក្រមនៅឯតុលាការពហុក្រុង Hennepin នៃរដ្ឋមីណេសូតា សហរដ្ឋអាមេរិច កាលពីចុងឆ្នាំ២០១៩ និងចូលរួមក្នុងសកម្មភាពបែបសិក្សាធិការ និងវិជ្ជាជីវៈជាច្រើនផ្សេងទៀតទាំងនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។